ភ្នំពេញ÷នៅព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបុរសប្រធានសាខាក្រុមហ៊ុនRF3 world សាខាស្ទឹងមានជ័យម្នាក់ តាមដីការបង្កាប់របស់ លោក ហុង សុគុណ វឌ្ឍនា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងព្រហ្មទណ្ឌលេខ ៥៨៩ ចុះថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ ។
ក្រោយពីបានជំនំជម្រះឃើញថា ឈ្មោះ ឌឹប ចាន់ណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរប្រធានសាខាក្រុម ហ៊ុន RF3 world សាខាស្ទឹងមានជ័យ ជនជាតិខ្មែរ ត្រូវបានតុលាការប្រកាសពិរុទ្ធភាពជាប់ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅ រាជធានីភ្នំពេញ។
១-បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនឈ្មោះ ឌឹប ចាន់ណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរប្រធានសាខាក្រុម ហ៊ុន RF3 world សាខាស្ទឹងមានជ័យ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ B១១ ផ្លូវលេខ១២ ភូមិដូនតី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បញ្ជូនទៅពន្ធនាគារ (ម១) ព្រៃស នៃក្រសួងមហាផ្ទៃ ២-បញ្ជារដល់កម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះខាងលើនេះទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៨៩ ចុះថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១។យោងតាមដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ លី ស៊ីនន្ទ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ក្រុមហ៊ុន ទីកន្លែងកំណើត ភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៧C ផ្លូវC ភូមិ ប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អង្គហេតុនៃរឿងមានដូចតទៅ:កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ ឌឹប ចាន់ណា ភេទប្រុស ជនជាតិខ្មែរ បានឡាយវីដេអូក្នុងផេក ហ្វេសប៊ុកឈ្មោះ Channa RF3 world ដោយបាននិយាយបំផ្លើសមកលើឈ្មោះ លី ស៊ីនន្ទ ដែលជាអ្នកតំណាងឱ្យក្រុម ហ៊ុន អិន អេ ហ្សេត វើលដ៍ ថា៖ សូមបងប្អូនប្រុងប្រយ័ត្ន បច្ចុប្បន្នមានជនបោកប្រាស់ដើរបោកនៅលើទីផ្សារយ៉ាងកំហ៊ុក ហើយបានផលិតវីដេអូបោកប្រាស់ប្រជាជន ធ្វើឱ្យប្រជាជនណាមានគ្រេម លាបព្យាបាលរបស់គេនោះ គឺបោកប្រាស់សុទ្ធ សាធ ។
បន្ទាប់មកឈ្មោះ ឌីប ចាន់ណា បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ចំនួនពីរដែល មានឈ្មោះ ឌឹប ចាន់ណា (DOEI CHANNA) និង ឌឹប ចាន់ណា (Doch Channa) មកបង្ហោះដោយបានព្រីនរូប ផលិតផល Q NANO-X ពណ៍ស្វាយ មកគូ សម្តែងដែលជារបស់ក្រុមហ៊ុន អ៊ុន អេស ហ្សេត វើលដ៍ និងរូបភាពរបស់ លោក លី ស៊ីន ជាមួយនឹងលោក តាក់ស៊ី ជាតាកំប្លែង ដោយប្រើរូបម៉ូជីបិទមុខ និងប្រើរូបម៉ាសបិទផលិតផលរបស់ ឈ្មោះ លី ស៊ីនន្ទព្រមទាំងផលិតផលផ្សេងទៀត ដោយសរសេរញុះញង់ឱ្យមានការរើសអើងចំពោះក្រុមហ៊ុន អិនអេស ហ្សេត / វើលដ៍ ឯ.ក (NSZ. WORD CO.,LTD) ដោយអះអាងបំផ្លើស ថាជាផលិតផលក្លែងក្លាយនឹងជាក្រុមហ៊ុន បោកប្រាស់ទាំងដែលក្រុមហ៊ុនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល សមាគមន៍សហព័ន្ឋការពារអ្នកប្រើប្រាស់ បញ្ជាក់ពីវិជ្ជាសាស្ត្រស្តង់ដាជាតិ និងមន្ទីរពិសោធន៍របស់គណៈកម្មការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ។
បើយោងតាមសេចក្ដីសម្រេចៈ
១/ផ្តន្ទាទោសលើឈ្មោះ ឌឹប ចាន់ណា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់ ០១ឆ្នាំ និង០៦ខែ (មួយឆ្នាំ និងប្រាំមួយខែ) ពីបទ បរិហារកេរ្ដិ៍ជាសាធារណ: និងញុះញង់ឲមានការរើសអើង ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ និងថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៣០៥ និងមាត្រា ៤៩៦ នៃក្រម ព្រហ្មទណ្ឌ ២/បង្គាប់ឲ្យឈ្មោះ ឌឹប ចាន់ណា សងសំណងទៅដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ លី ស៊ីនន្ទ ថ្លៃការខូចខាត និងជម្ងឺចិត្តជាទឹកប្រាក់សរុបចំនួន ៤០០,០០០០០០រៀល (បួនរយលានរៀល) ការទាមទារលើសពីនេះត្រូវបដិសេធចោល ៣/បង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនឈ្មោះ ឌឹប ចាន់ណា នៅពន្ឋនាគារ (ម。) ព្រៃស នៃក្រសួងមហាផ្ទៃ តាមបញ្ញត្តិ មាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ៕







