
តាមរយៈសារសំឡេងផ្ញើជូនស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការកង រាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ដែលបណ្ដាញព័ត៌មាន SH News ទទួលបាន ឯកឧត្តម ឃួង ស្រេង បានសង្កត់ធ្ងន់ថា បន្ទាប់ដកហូតមធ្យោបាយហើយនោះ ម្ចាស់ត្រូវបញ្ជូន ទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះរៀងៗខ្លូន។
បើតាម ឯកឧត្តម ឃួង ស្រេង នៅពេលធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានត្រូវតាមដាន ត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ក្នុងករណីការអនុវត្តមិនត្រឹមត្រូវ តាមការណែនាំទេនោះ នឹងអនុវត្តនូវការផាកពិន័យតាមច្បាប់តែម្ដង។ ការអនុវត្តបែបនេះ គឺដើម្បីទប់ស្កាត់ នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងផ្ទុះក្នុងសហគមន៍ ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបជូនលោក លោកស្រី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញថា ក្នុងករណីអ្នកមិនស្ដាប់តាមការណែនាំ ត្រូវដកហូតរក្សាទុកមធ្យោបាយរបស់គាត់ បើជិះម៉ូតូយកម៉ូតូទៅទុក បើជិះឡាន យកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះគ្រប់១៤ថ្ងៃ គ្រប់១៤ថ្ងៃទើបប្រគល់មធ្យោបាយឲ្យវិញ។
ក្នុងករណីដែលគាត់ធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានពិនិត្យឃើញថា គាត់មិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចយើង យើងនឹងអនុវត្តការផាកពិន័យបន្ដទៀត»៕


