កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយឧបត្តម្ភដល់គ្រួសារស្ត្រីក្រីក្រ ដែលបានចងកសម្លាប់ខ្លួន
ព្រះសីហនុ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ លោកស្រី អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា លោកស្រីអភិបាលរងខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន មន្ទីរកិច្ចការនារី អាជ្ញាធរក្រុងព្រះសីហនុ បាននាំយកអំណោយឧបត្តម្ភដល់គ្រួសារស្ត្រីក្រីក្រ ដែលបានចងកសម្លាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ កន្លងមក បន្សល់ទុកកូនប្រុស ស្រីចំនួន ០៣នាក់ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកស្រី អ៊ូ ធីតាពៅ គួច ចំរើន ក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារក្មួយៗ ដែលបានបាត់បង់ម្តាយព្រមទាំងបានផ្តាំផ្ញើសួរសុខទុក្ខពីប្រធានក្រុមប្រឹក្សាខេត្ត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ជាពិសេសលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសកុមារកំព្រាគ្មានទីពឹង។ លោកស្រីបានបន្ថែមថា ប្រសិនបើក្មួយៗគ្មានសាច់ញាតិគ្រប់គ្រង សូមទាក់ទងមកមន្ទីរសង្គមកិច្ច ដើម្បីជួយសម្រួលជីវភាពឱ្យក្មួយស្នាក់នៅ រៀនសូត្រនៅមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ រហូតមានលទ្ធភាពអាចរកការងារធ្វើចិញ្ចឹមជីវិតបាន។
អំណោយឧបត្ថម្ភរបស់សាខាកាកបាទក្រហមខេត្ត ដែលចូលរួមបុណ្យសពរួមមាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ១យួរ មី១កេស ប្រេងឆា១កាដុង ទឹកស៊ីអីវ១យួរ តង់១ ខោអាវ១កញ្ចប់ ថ្នាំដុះធ្មេញ២ ច្រាសដុះធ្មេញ២ ស្បែកជើង២គូរ ទឹកសុទ្ធ ២កេស សាប៊ូកក់សក់២ដប សាប៊ូដុសខ្លួន២ដុំ ឃីត១កញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១ ) និងថវិកាចំនួន ១លានរៀល ៕





