បទពណ៌នា៖
មឿន ឈានណារិទ្ធ៖ ពីកុមារពិការលក់ផ្កាក្លាយជាសាស្រ្តាចារ្យភាសាវិទូម្នាក់
ដោយ សារព័ត៌មាននិស្សិតខ្មែរ
នៅក្នុងរោងឈើប្រក់សង្កសីមួយនៅក្រោមដើមស្វាយពីរដើមខាងក្រោយផ្ទះក្បឿងមួយ នៅក្នុងភូមិស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម បុរសវ័យកណ្តាលម្នាក់កំពុងអង្គុយចុចទូរសព្ទដៃមើលព័ត៌មានអន្តរជាតិសរសេរជាភាសាអង់គ្លេស នៅរសៀលថ្ងៃអាទិត្យមួយ។
មិនយូរប៉ុន្មាន ភ្លៀងកក់ខែបានបង្អុរមក។ ដោយគ្មានការអនុញាត ដំណក់ទឹកភ្លៀងបានស្រក់តាមដំបូលដែលធ្លុះមកលើផ្ទៃមុខរបស់បុរសរូបនោះ ដែលមានមានទឹកមុខក្រៀមក្រំ ក្នុងខណៈដែលលោកកំពុងអានព័ត៌មានអំពីសោកនាដកម្មនៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
ជាការពិតណាស់ បុរសដែលមានសក់រួញអង្គាដី និងសម្បុរសណ្តែកបាយរបៀបខ្មែរអង្គររូបនេះ គ្មាននរណាម្នាក់ក្រៅពីលោកសាស្រ្តាចារ្យសារព័ត៌មានដ៏ល្បីល្បាយដែលមាននាមថា មឿន ឈានណារិទ្ធិ នោះឡើយ។
ទោះបីជាយ៉ាងណា ទឹកមុខក្រៀមក្រំរបស់សាស្រ្តាចារ្យរូបនេះពេលអានព័ត៌មានអំពីសោកនាដកម្មនៅប្រទេសអ៊ុយក្រែននោះ មិនមានអ្វីចម្លែកនោះឡើយ។ ជីវិតរបស់លោកក៏ដូចជាប្រជាជនកម្ពុជាដែលមានវ័យប្រហាក់ប្រហែលលោក ក៏ធ្លាប់ជួបសោកនាដកម្មដូចគ្នានេះ បង្កឡើងដោយរបបប្រល័យពូជាសាសន៍ប៉ុលពត និងសង្រ្គាមស៊ីវិលជាងពីរទសវត្សរ៍ នៅក្នុងប្រទេសកម្ពុជាដែរ។
ប៉ុន្តែ អ្វីដែលគួរឱ្យស្ងើចសរសើរនោះ ក្រោយពីសង្គ្រាមបានរលត់ទៅ លោកសាស្រ្តាចារ្យ មឿន ឈានណារិទ្ធ បានអភិវឌ្ឍខ្លួនពីកុមារពិការក្រីក្រលក់ផ្កាម្នាក់ រហូតដល់ក្លាយជាសាស្រ្តាចារ្យភាសាវិទូម្នាក់ នៅសាកលវិទ្យាល័យ។
បន្ទាប់ពីភ្លៀងរាំង លោកសាស្រ្តាចារ្យក៏បានដំណាលរឿងពីជីវិតរបស់លោក ប្រាប់អ្នកសារព័ត៌មាននិស្សិតខ្មែរដែលបានទៅសំណេះសំណាល និងពិគ្រោះយោបល់ជាមួយលោកអំពីវគ្គបណ្តុះបណ្តាលសារព័ត៌មាន នៅសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលមានលោក ទេស វិបុល ជាប្រធាន និងព្រឹទ្ធាចារ្យ ហង្ស ចក្រា ជាអនុប្រធាន។
លោក មឿន ឈានណារិទ្ធ កើតនៅក្នុងឆ្នាំ១៩៦៩ ក្នុងគ្រួសារជាងមាសមួយនៅក្នុងភូមិដងទង់ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ភាគខាងជើងរាជធានីភ្នំពេញ។ ជាអកុសល លោកកើតមកជាជនពិការ ដោយសារម្តាយរបស់លោកមិនបានទទួលការពិនិត្យផ្ទៃពោះត្រឹមត្រូវ។
នៅពេលសង្រ្គាមាបានផ្ទុះឡើង បន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីប្រមុខរដ្ឋ គ្រួសាររបស់លោក មឿន ឈានណារិទ្ធ បានភៀសខ្លួនមកជ្រកកោនក្នុងវត្តឧណាលោម រាជធានីភ្នំពេញ ក្នុងកុដិឪពុកមារបស់លោកដែលបួសជាភិក្ខុនៅទីនោះ។
ជាសំណាងល្អ លោកសាស្រ្តាចារ្យបាននិយាយថា លោកក៏បានចូលរៀននៅសាលាបឋមសិក្សានៅក្នុងវត្ត។
លោកបាននិយាយថា៖ «នៅសាលារៀនក្នុងវត្ត គ្រូបានឆុងមីដាក់ចានចែកឱ្យសិស្សញ៉ាំគ្រប់ៗគ្នា។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះយើងបានរៀនផង និងបានមីឆ្ងាញ់ញ៉ាំផង។»
ទោះបីជាយ៉ាងណា ភព្វសំណាងរបស់លោកមិនស្ថិតស្ថេរបានយូរឡើយ នៅពេលដែលខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ ក្នុងខណៈដែលលោកមិនទាន់រៀនចប់ថ្នាក់ទី១នៅឡើយផង។
លោកសាស្រ្តាចារ្យ មឿន ឈានណារិទ្ធ និយាយថាគ្រួសាររបស់លោកត្រូវបានខ្មែរក្រហមជន្លៀសទៅស្រុកស្នួល ខេត្តក្រចេះ ទៅរស់នៅក្នុងភូមិមួយជាប់ព្រំប្រទល់ប្រទេសវៀតណាម។
លោកបានរំឭកឡើងវិញថា៖ «បងខ្ញុំទាំងអស់ត្រូវខ្មែរក្រហមយកទៅធ្វើការកងចល័ត ឬកងកុមារ ចំណែកខ្ញុំគេឱ្យកើបអាចម៌គោធ្វើជី។ យើងហូបបររួម ហើយខ្ញុំមិនដែលហូបឆ្អែតទេ។ ពេលខ្លះ ខ្លះ ខ្ញុំខ្វេះដីក្រាំងបាតបឹងហូបដូចនំប្រៃ ព្រោះឃ្លានពេក។ ប៉ុន្តែ សំណាងល្អ បងប្អូនរបស់ខ្ញុំទាំងប្រាំបីនាក់នៅរស់ទាំងអស់។»
ប៉ុន្តែ អ្វីដែលគួរឱ្យសោកស្តាយនោះ លោកឪពុករបស់លោកសាស្រ្តាចារ្យបានទទួលមរណភាពក្នុងវ័យ៦៣ឆ្នាំក្រោយថ្ងៃរំដោះ ដោយសារជំងឺបន្សល់ដោយរបបខ្មែរក្រហមដែលគ្មានថ្នាំព្យាបាល។
លោកសាស្រ្តាចារ្យ មឿន ឈានណារិទ្ធ និយាយថា៖ «ដោយឃើញខ្ញុំពិការ ឪពុកខ្ញុំដែលធ្លាប់បួសរៀនបានបង្រៀនបាលីព្យាបាលជំងឺមួយចំនួនដល់ខ្ញុំ ដើម្បីឱ្យខ្ញុំធំឡើងធ្វើជាគ្រូខ្មែរព្រាបាលជំងឺ។ ប៉ុន្តែ ពេលនេះខ្ញុំភ្លេចអស់ហើយ បន្ទាប់ពីធ្វើគ្រូក្មេងមួយរយៈ។»
ក្រោយឪពុករបស់លោកទទួលអនិច្ចកម្មទៅ កុមារារូបនេះបានមករស់នៅរាជធានីភ្នំពេញជាមួយម្តាយ នៅឆ្នាំ១៩៨០ ហើយត្រូវបានម្តាយបញ្ជូនទៅរស់នៅមជ្ឈមណ្ឌលកុមារកំព្រា ដោយសារគ្រួសារក្រីក្រពេក។
បន្ទាប់ពីរស់នៅមណ្ឌលកុមារកំព្រាបីឆ្នាំ កុមារា មឿន ឈានណារិទ្ធ បានមករស់នៅជាមួយម្តាយវិញ ទោះបីជាជីវភាពគ្រួសារមានការលំបាកក្តី។
លោកនិយាយថា៖ «ខ្ញុំនឹកម្តាយខ្ញុំពេក ក៏សុំមកនៅផ្ទះវិញ។ ក្រោយរបបខ្មែរក្រហម គ្រួសារខ្ញុំនៅតែរស់ក្នុងភាពក្រីក្រ ដោយម្តាយខ្ញុំរកស៊ីលក់ផ្កា និងផ្លែឈើនៅផ្សារចាស់ ហើយខ្ញុំក៏ជួយលក់ផ្កាគាត់ដែរ។ ពេលលក់មិនសូវដាច់ យើងហូបបបររហូត ហើយខ្ញុំលួចសុំបាយកកអ្នកជិតខាង ហើយប្រាប់គេថាយកឱ្យឆ្កែដែលខ្ញុំចិញ្ចឹម។ ខ្ញុំដាក់ឱ្យឆ្កែស៊ីខ្លះ ហើយហូបខ្លួនឯងខ្លះជាមួយអំបិល ឬប្រហុក។ ជីវភាពខ្ញុំលំបាកណាស់។»
ការរស់នៅក្នុងជីវភាពលំបាក បានជម្រុញឱ្យកុមារារូបនេះខំប្រឹងតស៊ូរៀនសូត្រមិនចេះនឿយណាយ។







