ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង០៩:០០នាទី លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអញ្ជើញចុះធ្វើវេទិកាផ្សព្វផ្សាយ នៅវិទ្យាល័យឫស្សីកែវ ស្ថិតនៅ ផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដោយមានវត្តមានអញ្ជើញចូលរួមពី លោក ចៅ វីរយុទ្ធ នាយកវិទ្យាល័យឫស្សីកែវ និងលោកនាយករង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យឫស្សីកែវ, លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ, លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ, លោកនាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្រី ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក, នាយរងប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ និងមានសិស្សានុសិស្សចូលរួមសរុប ១៥៥នាក់ ស្រី ៩៣នាក់។
ដោយអនុវត្តតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” អង្គវេទិកានេះ បានលើកយកចំណុចសំខាន់ចំនួន ០៣ មកធ្វើការផ្សព្វផ្សាយ ស្របតាមលក្ខណសម្បត្តិទាំង៧យ៉ាង នៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” មានដូចខាងក្រោម៖
១-អំពីបញ្ហាក្មេងទំនើង ជាពិសេសក្មេងទំនើងនៅក្នុងសាលា
២-អំពីឥទ្ធិពល និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
៣-អំពីច្បាប់ចរាចរណ៍ និងផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។
វេទិកានេះ មានគោលបំណងឱ្យសិស្សានុសិស្សទាំងអស់យល់ជ្រូតជ្រាបអំពីច្បាប់ និងផលប៉ះពាល់នានាដែលបណ្តាលមកពីបទល្មើស និងអប់រំឱ្យសិស្សានុសិស្សចៀសឱ្យផុតពីអំពើល្មើសទាំងឡាយ ហើយបែរមកខិតខំសិស្សារៀនសូត្រ ក្លាយជាសិស្សល្អ កូនល្អ និងមានសេចក្តីថ្លៃថ្នូរក្នុងសង្គម។
វេទិកានេះ បានបញ្ចប់នៅវេលាម៉ោង១០:៣០នាទី ថ្ងៃខែឆ្នាំដដែល ប្រកបដោយភាពស្និតស្នាល និងរីករាយ៕






































