ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋជាច្រើនបានលើកគ្នាទាំងទ័ព ទៅសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំនៅមុខក្រសួងមហាផ្ទៃ ក្នុងករណីមន្ត្រីនគរបាលមួយរូប ឈ្មោះ ធូក ចិន្តា បានលួងលោមបោកប្រាស់លុយរបស់ពីពួកគាត់ អស់ម្នាក់ៗ រាប់ពាន់មុឺនដុល្លារ។
បើយោងតាមការលើកឡើងរបស់ពលរដ្ឋទាំងនោះ បានឱ្យដឹងថា មូលហេតុដែលពួកខ្លួនលើកគ្នាទាំងកងពលមកមុខក្រសួងមហាផ្ទៃ ដោយតែពួកខ្លួនបានលេចឮដំណឹងថា មានអ្នកធំម្នាក់ដែលមានឥទ្ធិពលបានអន្តរាគមន៍ ឱ្យដោះលែងមន្ត្រីនគរបាលដែលជាជនឆបោកប្រាក់របស់ពួកគាត់ឱ្យមានសេរីភាពវិញ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធូក ចិន្តា ភេទស្រី មុខរបរជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយការឃាត់ខ្លួននេះដែរ គឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជុំវិញករណីឆបោក។ប្រជាពលរដ្ឋទាំងនោះ ក៏បានលើកឡើងទៀតថា ដោយសារតែលេចឮដំណឹងថាមានអ្នកធំមានឥទ្ធិពល បម្រុងអន្តរាគមន៍ឱ្យដោះលែងជនសង្ស័យនេះ ទើបពួកខ្លួនដាច់ចិត្តលើកគ្នា មកដូចទ័ពដើម្បីសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ និងសុំកិច្ចអន្តរាគមន៍ពីអយ្យការអមសាលាដំបូង ដើម្បីសូមកុំឱ្យមានការដោះលែងស្រ្តីជនសង្ស័យ ដែលជាមន្ត្រីនគរបាលរូបនេះ។ប្រជាពលរដ្ឋបានស្នើសុំឱ្យថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃគឺសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្តេចជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលឈ្មោះ ធូក ចិន្តា ដែលបានឆបោកលុយពីពួកគាត់អស់ជិត ២០មុឺនដុល្លារ ផងទាន៕






