ស្វាយរៀង៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ លោក ហែម សារិទ្ធ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងចម្រុះចុះល្បាតចល័ត និងត្រួតពិនិត្យដល់ទីតាំងព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់ ស្រុកកំពង់រោទិ៍ និងព្រំប្រទល់ព្រំដែនជាប់ប្រទេសវៀតណាម។
លោក ហែម សារិទ្ធ បានថ្លែងថា រដ្ឋបាលស្រុកបានរៀបចំកម្លាំងល្បាតដើម្បីឃ្លាំមើលជាប្រចាំនៅទីតាំង ដែលជនជាតិវៀតណាមឆ្លងដែនមកឆក់ត្រីខុសច្បាប់លើព្រំដែនទឹកកម្ពុជា។ជាមួយគ្នានេះ លោកក៏បានជួបទំនាក់ទំនងជាមួយភាគីយោធាព្រំដែនវៀតណាម ដើម្បីពិភាក្សាគ្នារកដំណោះស្រាយជុំវិញករណីខាងលើ និងបានសំណូមពរដល់ភាគីខាងវៀតណាម មិនត្រូវអនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់ខ្លួនឆ្លងចូល មកនេសាទត្រីខុសច្បាប់នៅទឹកដីឃុំបាសាក់បន្តទៀតនោះឡើយ។
ក្នុងនាមអាជ្ញាធរដែនដី លោកសូមអរគុណប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដែលតែងតែផ្តល់ដំណឹងពីបញ្ហានានាក្នុងមូលដ្ឋាន ដើម្បីរដ្ឋបាលខេត្ត រដ្ឋបាលស្រុកចាត់វិធានការដោះស្រាយ ទាន់ពេលវេលា ហើយជុំវិញករណីខាងលើជាលទ្ធផលកិច្ចសហប្រតិបត្តិការបង្ក្រាបបាន១លើក ដកហូតសម្ភារបានទូកជរ័១គ្រឿង និងឧបករណ៍ឆក់ត្រីចំនួន១គ្រឿង។ វត្ថតាងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់៕







