ខេត្តស្វាយរៀង ÷កាលពីវេលាម៉ោងប្រមាណ១១និង១០នាទីថ្ងៃទី២៥ខែតុលាឆ្នាំ២០២២ស្ថិតក្នុងភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យភ្ញាក់ផ្អើល ដោយរថយន្តស៊េរីទំនើបរែកបុករបងផ្ទះប្រជាពលរដ្ឋ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនបេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-0003 បើកបរធ្វើដំណើរពីកើតទៅលិចប្រើប្រាស់ល្បឿនលឿនខ្វះប្រុងប្រយត្ន័ ធ្វើឱ្យរេចង្កូតមកខាងស្ដាំដៃបុករបងថ្មផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹង លាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។ក្រោយកើតហេតុគេឃើញបុរសជនជាតិចិននោះបើកទ្វារ ចេញពីក្នុងរថយន្តទាំងអាការ:ទ្រេតទ្រោត ប៉ុន្តែមិនមានគ្រោះថ្នាក់អីនោះទេ ខណៈដែលរថយន្តខូចខាតខ្ទេចទាំងស្រុង។
បន្ទាប់មកសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន យកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដើម្បីរង់ចាំការដោះស្រាយសំណងជាមួយម្ចាស់ផ្ទះតាមផ្លូវច្បាប់៕






